ពិធី “សំណេះសំណាលជាមួយសិស្សនិទ្ទេស A និងប្រគល់សម្ភារៈ សិក្សាដល់សិស្សចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ថ្នាក់ទី២ ដល់ទី៦ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម”

កំពង់ចាម៖ នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកងមាស បានអញ្ជើញចូលរួមជាអធិបតីក្នុង ពិធី សំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅវិទ្យាល័យ ហ៊ុន សែន ពាមជីកង និងវិទ្យាល័យ ហ៊ុន សែន កងតាណឹង ក្នុងស្រុកកងមាស ខេត្តកំពង់ចាម អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង ក្រុមការងារចុះជួយស្រុកកងមាសជាច្រើនរូបទៀត។

ក្នុងឱកាសនេះឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក លោកស្រី នាយក នាយិកា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ ដែលបានខិតខំបំពេញ តួនាទីភារកិច្ចលះបង់ទាំងកម្លាំងកាយចិត្ត រហូតសម្រេចបានលទ្ធផលជាទីមោទនៈ និងសូមឱ្យបន្តស្មារតីសហការគ្នាដើម្បីលើកកម្ពស់វិស័យអប់រំវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែរីកចម្រើនជានិរន្ត។

ជាមួយនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងនូវអនុសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលបានកំណត់យកការអភិវឌ្ឍធនធានមនុស្ស ជាការងារអាទិភាពត្រូវវិនិយោគ ក្នុងដំណាក់កាលទី១ នៃសាស្ត្របញ្ចកោណ ដែលនេះជាភារកិច្ចចម្បងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយបានដាក់ចេញនូវ ស្តង់ដាសាលាគំរូ ចំនួន ៥ ដែល ផ្តោតលើ (ទី១) លទ្ធផលសិក្សារបស់សិស្ស (ទី២).ការបង្រៀននិងរៀន (ទី៣). ការចូលរួមរបស់សហគមន៍ (ទី៤). ដំណើរប្រតិបត្តិការនិងរដ្ឋបាលសាលារៀន (ទី៥). គណនេយ្យភាពរបស់សាលារៀន។ សាលារៀនទូទាំងប្រទេសនឹងត្រូវប្រឹងប្រែងប្រកួតប្រជែងគ្នាអនុវត្តឲ្យសម្រេចបានតាមស្តង់ដា ហើយសាលាដែលជាប់ស្តង់ដា នឹងទទួលបានពានរង្វាន់ជាសាលាគំរូពីសម្តេចមហាបវរធិបតី ដែលនឹងត្រូវប្រកាសនៅក្នុងសន្និបាតអប់រំថ្នាក់ជាតិនៅខែមីនា ឆ្នាំ២០២៤ខាងមុខនេះ។

ក្រោយពីការសំណេះសំណាល ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បាន ផ្តល់ជូនសម្ភារៈសិក្សា ដល់សិស្សជ័យលាភីដែលបានប្រឡងជាប់និទ្ទេស A ទាំង៧រូប សម័យប្រឡងឆ្នាំ២០២២-២០២៣ ក្នុងម្នាក់ទទួលបានកង់អាគុយចំនួនមួយគ្រឿង ដើម្បីជាការលើកទឹកចិត្តជំរុញឱ្យសិស្សានុសិស្សបន្តប្រឹងប្រែងរៀនសូត្របន្ថែមទៀត និងបានប្រគល់នូវសម្ភារសិក្សា មួយចំនួនដល់ស្រុក ទាំង១០ ក្នុងខេត្តកំពង់ចាម៕

Comments